Skip to Main Navigation

ផែនការពិគ្រោះយោបល់ សម្រាប់ក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២៥ – ២៩

រៀងរាល់ប្រាំឆ្នាំម្តង ប្រទេស​កម្ពុជា និង​ធនាគារពិភពលោក រួមគ្នារៀបចំតាក់តែងនូវកម្មវិធី​ផ្តល់កម្ចី​ និង​ប្រឹក្សា​យោបល់​មួយ ​សម្រាប់​យក​ទៅអនុវត្ត​ក្នុង​រយៈពេល​ប្រាំឆ្នាំខាងមុខ ដែល​ជា​ទូទៅត្រូវបានហៅថាជា​ឯកសារ ក្របខណ្ឌ​ភាព​ជា​ដៃគូប្រចាំប្រទេស  (Country Partnership Framework) ហៅកាត់ថា CPF។

CPF និងឯកសារជាមូលដ្ឋាននានា​ ត្រូវ​បាន​ប្រមូល​រៀបចំឡើងតាមរយៈ​ដំណើរការ​ពិគ្រោះ​យោបល់​មួយ ជាមួយ​ភាគី​ពាក់​ព័ន្ធ​ជា​ច្រើន​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស ដែល​រួម​មាន៖

  • ស្ថាប័នរដ្ឋា​ភិបាល​នៅ​ទូទាំង​ប្រទេស
  • ស្ថាប័នសិក្សាស្រាវ​ជ្រាវ​ជាន់​ខ្ពស់ និង​ ស្ថាប័នធនាគារគំនិត (think tanks)
  • ដៃគូអភិវឌ្ឍន៍
  • សង្គមស៊ីវិល
  • វិស័យឯកជន
  • តំណាងពលរដ្ឋ

កិច្ច​ពិគ្រោះយោបល់ទាំងនេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្វែង​យល់​អំពី​ទស្សនៈ​ជុំ​វិញ​បញ្ហា​ប្រឈមធំៗ​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​កិច្ច​អភវិឌ្ឍន៍​ប្រទេស និង​ដើម្បី​ស្ទាប​ស្ទង់​មើល​ថា​តើ​​វិស័យ​ណា​ខ្លះ​ដែល​ធនាគារ​ពិភពលោក​គួរ​ផ្តោត​ជំនួ​យ​របស់​ខ្លួន​ទៅលើ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​វា​សម្រេច​បាន​នូវ​ឥទ្ធិ​ពល​ពេញ​ទំហឹង​ក្នុង​ការ​លើក​កម្ពស់​បរិយាបន្ន, កាត់បន្ថយ​ភាព​ក្រីក្រ, និងក្នុង​ការ​ចែករំលែកវិបុលភាព​នៅ​លើ​ភព​ផែន​ដីនេះ។

រចនាសម្ព័ន្ធកិច្ចប្រជុំ

កិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមភាគីពាក់ព័ន្ធនីមួយៗ នឹងប្រព្រឹត្តដោយមានការធ្វើ​បទបង្ហាញ​ជូន​អង្គ​ប្រជុំ​ទាំងមូល រួចមក​បន្ត​ដោយកិច្ច​ពិភាក្សារួម និង​កិច្ច​ពិភាក្សាតាមក្រុមតូចៗ ទៅ​តាម​ភា​ព​ជាក់ស្តែង។ កិច្ច​ប្រជុំនីមួយៗ​នឹង​ដំណើរការទៅ​ក្នុង​រយៈពេលពី ១ម៉ោងកន្លះ ទៅ ២ម៉ោង។

សម្រាប់វគ្គ​ពិគ្រោះយោបល់ជាមួយអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល, ក្រុមយុវជន, ក្រុមធនាគារគំនិតនិងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់, យើង​នឹង​ធ្វើ​ការជាមួយបណ្តាញរបស់យើង​​ក្នុង​ការ​កំណត់និង​អញ្ជើញ​​អ្នកចូលរួមមកពីខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល/សង្គមស៊ីវិល ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ បណ្តាញដែលមានពេលនេះគឺ គណៈកម្មាធិការសហប្រតិបត្តិការកម្ពុជា, វេទិកាអង្គការក្រៅរដ្ឋាភិបាល, សមាគមយុវជនខ្មែរ, និងអង្គការតារាកម្ពុជា ។

សម្រាប់វគ្គ​ប្រជុំជាមួយ​រដ្ឋបាលថ្នាក់ក្រោមជាតិ យើង​នឹង​អញ្ជើញ​ ពីខេត្ត​នីមួយៗ នូវ​អ្នកចូលរួមចំនួន ៣រូប ដែលតំណាង​ឱ្យ​ផ្នែកនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ រួមទាំងតំណាងឱ្យ​ស្ត្រីផងដែរ។ អ្នកចូលរួមទាំង ៣ នោះ (សម្រាប់​ខេត្តនីមួយៗ) គឺមាន មន្ត្រីសម្រាប់កិច្ចការស្ត្រីក្នុងវិស័យសង្គម (ការអប់រំ សុខភាព អាហារូបត្ថម្ភ ។ល។), ​អភិបាលខេត្ត​ (តំណាង​​នីតិប្រតិបត្តិ); និងប្រធានក្រុមប្រឹក្សាខេត្តមួយរូប (តំណាង​នីតិប្បញ្ញត្តិ)។

វគ្គ​​ប្រជុំពិគ្រោះយោបល់ជាមួយតំណាង​របស់​រដ្ឋាភិបាល, អង្គការសង្គមស៊ីវិល/អង្គការក្រៅរដ្ឋាភិបាល/ធនាគារគំនិត និងវិស័យឯកជន នឹងប្រ​ព្រឹត្ត​ទៅ​ជាភាសាអង់គ្លេស អម​ដោយ​ការ​បក​ប្រែ​ដំណាលគ្នា(ប្រដេញ)​ជា​ភាសាខ្មែរ។ វគ្គ​​ប្រជុំពិគ្រោះយោបល់ជាមួយមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងធ្វើឡើងជាភាសាខ្មែរ នឹងប្រ​ព្រឹត្ត​ទៅជាភាសាអង់គ្លេស អម​ដោយ​ការ​បក​ប្រែ​ដំណាលគ្នា(ប្រដេញ)​ជា​ភាសាខ្មែរ។ វគ្គប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ នឹងប្រព្រឹត្ត​ទៅ​ជាភាសាអង់គ្លេសសុទ្ធ។

សម្ភារ

លិខិតអញ្ជើញ និងឯកសារសម្រាប់កិច្ចប្រជុំជាភាសាអង់គ្លេស និងភាសាខ្មែរ នឹងត្រូវបានផ្ញើជូនអ្នកចូលរួម នៅ ប្រហែល ១០ថ្ងៃ មុនកិច្ចប្រជុំមកដល់។ ឯកសារសាវតារផ្សេងទៀត​នឹងមានផ្តល់​ជូន​នៅលើគេហទំព័រសម្រាប់​កិច្ច​ពិគ្រោះយោបល់នេះ។ 

វេទិកាពិគ្រោះយោបល់​លើវ៉េបសាយ

វេទិកាលើវ៉េបសាយមួយ​នឹង​ត្រូវ​បានដាក់​ឱ្យ​ប្រើ​ប្រាស់​ ជា​ភាសា​អង់គ្លេស និង​ភាសាខ្មែរ សម្រាប់​ស្រង់​យក​មតិ​តប​ពីសំណាក់​ភាគីពាក់ព័ន្ធ​ផ្សេងទៀត​ដែលមានចំណាប់​អារម្មណ៍អំពីកិច្ច​ពិគ្រោះយោបល់នេះ។ អ្នកមានចំណាប់អារម្មណ៍នានា អាចឆ្លើយសំណួរនៃការស្ទង់មតិ​ក្នុង​ទម្រង់​អនឡាញ រួចហើយ​ផ្ញើមកយើងវិញ​តាមអ៊ីនធឺណិត ឬក៏ដោនឡូតវាមកបំពេញលើកុំព្យូទឺរ រួចហើយផ្ញើទៅការិយាល័យធនាគារពិភពលោកក្នុងរាជធានីភ្នំពេញ តាមរយៈទូរសារ, ប្រៃសណីយ៍ ឬអ៊ីមែល ក៏បាន។ គេហទំព័រនេះនឹងត្រូវបានទុកឱ្យដំណើរ​សម្រាប់ស្រង់មតិនានាពេញមួយដំណើរការនៃកិច្ច​ពិគ្រោះយោបល់នេះ​ និងរយៈពេលមួយខែក្រោយមកទៀត​ ដើម្បីអនុញ្ញាតឱ្យអ្នក​ចាប់​អារម្មណ៍​អាចផ្តល់អត្ថាធិប្បាយបន្ថែម បន្ទាប់​ពីកិច្ច​ប្រជុំ​បានចប់សព្វ​គ្រប់។

កិច្ច​បញ្ចប់បន្ទាប់​ពីប្រជុំ

នៅក្នុងរង្វង់ពេលមួយខែបន្ទាប់​ពីថ្ងៃចុងក្រោយនៃកិច្ច​ពិគ្រោះយោបល់ កំណត់​ហេតុ​សង្ខេប​មួយ​នៃកិច្ច​ប្រជុំ​នេះ​ (ជា​ភាសា​អង់គ្លេស និង​ភាសាខ្មែរ) នឹង​ត្រូវ​បាន​ចែកជូន​​តាម​អនឡាញ។ នៅ​ក្នុង​កំណត់​ហេតុស​ង្ខេប​នោះ​នឹង​មាន​ម៉ាទ្រិក​នៃ​អត្ថា​ធិប្បាយ, មតិ​តប ឬ​ធាតុចូលនានា ដែល​ប្រមូល​បាន​ ហើយ​បង្កើត​បាន​ជា​សេចក្តី​ព្រាង​សម្រាប់ CPF ថ្មី។ យើង​នឹង​ផ្តល់​ការ​ពន្យល់​ជូន នៅ​ក្នុង​ករណីណា​ដែល​មតិតប ឬ​ធាតុផ្សំ​មួយចំនួន​មិន​ត្រូវ​បាន​យកមក​ពិចារណាច្របាច់បញ្ចូលទៅក្នុង​សេចក្តីព្រាងនេះ។ កំណត់ហេតុ​សង្ខេបនឹង​ត្រូវ​បានចុះផ្សាយ​លើ​វ៉េប​សាយ​របស់​កិច្ច​ពិគ្រោះយោបល់នេះ។

ធាតុចូល ឬ​មតិតបដែលត្រូវ​បាន​សរសេរដោយដៃ អាច​ផ្ញើទៅកាន់លោក ប៊ូ សារឿន (កិច្ចពិគ្រោះយោបល់ CPF) តាមអ៊ីមែល cambodia@worldbank.org ឬតាមប៉ុស្តិ៍ប្រៃសណីយ៍ ទៅកាន់អាសយដ្ឋាន៖ The World Bank Office, Exchange Square Building, 10th Floor, No. 19-20, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia.

The World Bank