រចនាសម្ព័ន្ធកិច្ចប្រជុំ
កិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមភាគីពាក់ព័ន្ធនីមួយៗ នឹងប្រព្រឹត្តដោយមានការធ្វើបទបង្ហាញជូនអង្គប្រជុំទាំងមូល រួចមកបន្តដោយកិច្ចពិភាក្សារួម និងកិច្ចពិភាក្សាតាមក្រុមតូចៗ ទៅតាមភាពជាក់ស្តែង។ កិច្ចប្រជុំនីមួយៗនឹងដំណើរការទៅក្នុងរយៈពេលពី ១ម៉ោងកន្លះ ទៅ ២ម៉ោង។
សម្រាប់វគ្គពិគ្រោះយោបល់ជាមួយអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល, ក្រុមយុវជន, ក្រុមធនាគារគំនិតនិងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់, យើងនឹងធ្វើការជាមួយបណ្តាញរបស់យើងក្នុងការកំណត់និងអញ្ជើញអ្នកចូលរួមមកពីខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល/សង្គមស៊ីវិល ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ បណ្តាញដែលមានពេលនេះគឺ គណៈកម្មាធិការសហប្រតិបត្តិការកម្ពុជា, វេទិកាអង្គការក្រៅរដ្ឋាភិបាល, សមាគមយុវជនខ្មែរ, និងអង្គការតារាកម្ពុជា ។
សម្រាប់វគ្គប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ យើងនឹងអញ្ជើញ ពីខេត្តនីមួយៗ នូវអ្នកចូលរួមចំនួន ៣រូប ដែលតំណាងឱ្យផ្នែកនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ រួមទាំងតំណាងឱ្យស្ត្រីផងដែរ។ អ្នកចូលរួមទាំង ៣ នោះ (សម្រាប់ខេត្តនីមួយៗ) គឺមាន មន្ត្រីសម្រាប់កិច្ចការស្ត្រីក្នុងវិស័យសង្គម (ការអប់រំ សុខភាព អាហារូបត្ថម្ភ ។ល។), អភិបាលខេត្ត (តំណាងនីតិប្រតិបត្តិ); និងប្រធានក្រុមប្រឹក្សាខេត្តមួយរូប (តំណាងនីតិប្បញ្ញត្តិ)។
វគ្គប្រជុំពិគ្រោះយោបល់ជាមួយតំណាងរបស់រដ្ឋាភិបាល, អង្គការសង្គមស៊ីវិល/អង្គការក្រៅរដ្ឋាភិបាល/ធនាគារគំនិត និងវិស័យឯកជន នឹងប្រព្រឹត្តទៅជាភាសាអង់គ្លេស អមដោយការបកប្រែដំណាលគ្នា(ប្រដេញ)ជាភាសាខ្មែរ។ វគ្គប្រជុំពិគ្រោះយោបល់ជាមួយមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងធ្វើឡើងជាភាសាខ្មែរ នឹងប្រព្រឹត្តទៅជាភាសាអង់គ្លេស អមដោយការបកប្រែដំណាលគ្នា(ប្រដេញ)ជាភាសាខ្មែរ។ វគ្គប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ នឹងប្រព្រឹត្តទៅជាភាសាអង់គ្លេសសុទ្ធ។
សម្ភារ
លិខិតអញ្ជើញ និងឯកសារសម្រាប់កិច្ចប្រជុំជាភាសាអង់គ្លេស និងភាសាខ្មែរ នឹងត្រូវបានផ្ញើជូនអ្នកចូលរួម នៅ ប្រហែល ១០ថ្ងៃ មុនកិច្ចប្រជុំមកដល់។ ឯកសារសាវតារផ្សេងទៀតនឹងមានផ្តល់ជូននៅលើគេហទំព័រសម្រាប់កិច្ចពិគ្រោះយោបល់នេះ។
វេទិកាពិគ្រោះយោបល់លើវ៉េបសាយ
វេទិកាលើវ៉េបសាយមួយនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ ជាភាសាអង់គ្លេស និងភាសាខ្មែរ សម្រាប់ស្រង់យកមតិតបពីសំណាក់ភាគីពាក់ព័ន្ធផ្សេងទៀតដែលមានចំណាប់អារម្មណ៍អំពីកិច្ចពិគ្រោះយោបល់នេះ។ អ្នកមានចំណាប់អារម្មណ៍នានា អាចឆ្លើយសំណួរនៃការស្ទង់មតិក្នុងទម្រង់អនឡាញ រួចហើយផ្ញើមកយើងវិញតាមអ៊ីនធឺណិត ឬក៏ដោនឡូតវាមកបំពេញលើកុំព្យូទឺរ រួចហើយផ្ញើទៅការិយាល័យធនាគារពិភពលោកក្នុងរាជធានីភ្នំពេញ តាមរយៈទូរសារ, ប្រៃសណីយ៍ ឬអ៊ីមែល ក៏បាន។ គេហទំព័រនេះនឹងត្រូវបានទុកឱ្យដំណើរសម្រាប់ស្រង់មតិនានាពេញមួយដំណើរការនៃកិច្ចពិគ្រោះយោបល់នេះ និងរយៈពេលមួយខែក្រោយមកទៀត ដើម្បីអនុញ្ញាតឱ្យអ្នកចាប់អារម្មណ៍អាចផ្តល់អត្ថាធិប្បាយបន្ថែម បន្ទាប់ពីកិច្ចប្រជុំបានចប់សព្វគ្រប់។
កិច្ចបញ្ចប់បន្ទាប់ពីប្រជុំ
នៅក្នុងរង្វង់ពេលមួយខែបន្ទាប់ពីថ្ងៃចុងក្រោយនៃកិច្ចពិគ្រោះយោបល់ កំណត់ហេតុសង្ខេបមួយនៃកិច្ចប្រជុំនេះ (ជាភាសាអង់គ្លេស និងភាសាខ្មែរ) នឹងត្រូវបានចែកជូនតាមអនឡាញ។ នៅក្នុងកំណត់ហេតុសង្ខេបនោះនឹងមានម៉ាទ្រិកនៃអត្ថាធិប្បាយ, មតិតប ឬធាតុចូលនានា ដែលប្រមូលបាន ហើយបង្កើតបានជាសេចក្តីព្រាងសម្រាប់ CPF ថ្មី។ យើងនឹងផ្តល់ការពន្យល់ជូន នៅក្នុងករណីណាដែលមតិតប ឬធាតុផ្សំមួយចំនួនមិនត្រូវបានយកមកពិចារណាច្របាច់បញ្ចូលទៅក្នុងសេចក្តីព្រាងនេះ។ កំណត់ហេតុសង្ខេបនឹងត្រូវបានចុះផ្សាយលើវ៉េបសាយរបស់កិច្ចពិគ្រោះយោបល់នេះ។
ធាតុចូល ឬមតិតបដែលត្រូវបានសរសេរដោយដៃ អាចផ្ញើទៅកាន់លោក ប៊ូ សារឿន (កិច្ចពិគ្រោះយោបល់ CPF) តាមអ៊ីមែល cambodia@worldbank.org ឬតាមប៉ុស្តិ៍ប្រៃសណីយ៍ ទៅកាន់អាសយដ្ឋាន៖ The World Bank Office, Exchange Square Building, 10th Floor, No. 19-20, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia.